​​​​ ​​

Leo Cup៖ គ្រូបង្វឹក​វិសាខា​រំពឹង​ខ្ពស់​ក្នុងការ​គ្រង​ជើងឯក​

បង្ហោះថ្ងៃសៅរ៏ ទី១៣ ខែឧសភា ឆ្នាំ២០១៧ ដោយ៖ Admin
ចែករំលែក៖

ក្រោយ​យកឈ្នះ​ក្រុម Vinh Long របស់​វៀតណាម ៣-១ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ គ្រូបង្វឹក​ក្រុម​បាល់ទះ​វិសាខា​ហាក់​មាន​ទំនុកចិត្ត​ខ្ពស់​សម្រាប់​ការ​គ្រង​ជើងឯក​ពានរង្វាន់ Leo Cup International Championship ប្រចាំឆ្នាំ​២០១៧​។ ក្រុម​នេះ​ត្រូវ​ជួប​ប្រកួត​ដណ្តើម​ជើងឯក​ជាមួយ​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ​នា​រសៀល​ថ្ងៃទី​១៣ ខែឧសភា នេះ​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។ ជាមួយគ្នានេះ ក្រុម​កំពង់ចាម​ប្រជែង​ដណ្តើម​លេខ​៣​ជាមួយ Vinh Long របស់​វៀតណាម​។

​លោក សាន សុ​ក្រិត គ្រូបង្វឹក​ក្រុម​វិសាខា មាន​ក្តីសង្ឃឹម​៨០​ភាគរយ ក្នុងការ​គ្រង​ជើងឯក​ពានរង្វាន់ Leo Cup International Championship ប្រចាំឆ្នាំ​២០១៧​។ ការរំពឹង​បែបនេះ ដោយសារ លោក មានការ​ជឿជាក់​ខ្ពស់​លើ​សមត្ថភាព និង​ភាពស៊ីសង្វាក់​របស់​ក្រុម ជាពិសេស​វត្តមាន​រប​ស់​កីឡាករ​ថៃ​ដែលមាន​សមត្ថភាព​ខ្ពស់​ចំនួន​៣​រូប​ក្នុង​ក្រុម​របស់លោក​។

លោក​បាន​អះអាងថា កីឡាករ​ថៃ​ទាំងបី​រូប​សុទ្ធសឹង​ជា​កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ប្រទេស ដែល​កំពុង​ប្រកប​អាជីព​ក្នុង​ក្របខណ្ឌ​លី​ក​របស់​ថៃ ហើយ​ការ​មកលេង​ឲ្យ​ក្រុម​វិសាខា​នេះ គឺ​ពួកគេ​មកជួយ​ដោយ​ស្ម័គ្រចិត្ត ដោយ​មិនមាន​ការដោះដូរ​ជា​ថវិកា​នោះឡើយ​។ ម្យ៉ាងទៀត​ពួកគេ​ចង់​ចែករំលែក​បទពិសោធន៍ ដល់​កីឡាករ​កម្ពុជា ជាពិសេស​ក្រុម​វិសាខា​ដែល​ធ្លាប់មាន​ទំនាក់ទំនង​ល្អ​ក្នុងអំឡុងពេល​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​។
ទោះបី​ក្រុម​វិសាខា​ធ្លាប់​យកឈ្នះ​កងពលធំ​លេខ​៣​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១ និង​ពានរង្វាន់​លី​ក​ឆ្នាំ​២០១៧ កាលពី​ខែកុម្ភៈ កន្លងទៅ​ក៏ដោយ តែ​គ្រូបង្វឹក​រូបនេះ​មិន​ហ៊ាន​មើលរំលង​ពី​សមត្ថភាព​របស់​ក្រុម​មកពី​ខេត្តព្រះវិហារ​មួយ​នេះ​ទេ ។ «​ការប្រកួត​គឺ​មិន​ទៀត​នោះទេ បើ​ប្រហែស​បន្តិច​គឺ​ចាញ់ ទោះបី​យើង​ខ្លាំង​យ៉ាងណាក៏ដោយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​គ្រូបង្វឹក​ក្រុម​វិសាខា​។​

ជាមួយគ្នានេះ លោក សេត ស៊ិន​ស៊ីណា​រ៉ា គ្រូបង្វឹក​ក្រុម​កងពលធំ​លេខ​៣​ខេត្តព្រះវិហារ​មិនបាន​បង្ហាញ​ពី​ក្តី​រំពឹង​ក្នុងការ​គ្រង​ជើងឯក​នោះឡើយ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា ការប្រកួត​យើង​មិនអាច​ទាយ​ទុក​មុន​បាន​នោះទេ​។ «​អា​សត្វ​អត់​ជើង យើង​មើលមិនឃើញ​នោះទេ ហើយ​ពិបាក​និយាយ​ណាស់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សេត ស៊ិន​ស៊ីណា​រ៉ា​។ តែ​យ៉ាងណា លោក នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងជំនួប​ផ្តាច់ព្រ័ត្រ​នៅថ្ងៃនេះ​។​

​គួរ​បញ្ជាក់ថា ក្រុម​វិសាខា​ដែល​យកឈ្នះ​ក្រុម Vinh Long របស់​វៀតណាម​ក្នុង​វគ្គ​ពាក់​កណា្ត​ល​ផ្តាច់ព្រ័ត្រ​កាលពី​ម្សិលមិញ ត្រូវ​ជួប​ប្រកួត​ដណ្តើម​ជើងឯក​ជាមួយ​ក្រុម​កងពលធំ​លេខ​៣ ដែល​យកឈ្នះ​កំពង់ចាម នា​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​១៣ ខែឧសភា នេះ​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក ក្រុម​កំពង់ចាម ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម Vinh Long របស់​វៀតណាម ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​នា​វេលា​ម៉ោង​២​រសៀល​នេះ​ផងដែរ​៕

អត្ថបទស្រដៀងគ្នា...