​​​​ ​​

គ្រូបង្វឹក​កំពង់ចាម​បង្ហាញ​ក្តីកង្វល់​មុន​ប៉ះ​កងពលធំ​លេខ​៣​ដែល​ធ្លាប់​យកឈ្នះ​ខ្លួន​នា​រសៀល​នេះ​

បង្ហោះថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧ ដោយ៖ Admin
ចែករំលែក៖

ក្រុម​បាល់ទះ​កំពង់ចាម​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​កងពលធំ​លេខ​៣​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត​ពានរង្វាន់ Leo Cup International Championship 2017 នា​រសៀល​ថ្ងៃ​សៅរ៍ ទី​១២ ខែឧសភា នេះ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។ សម្រាប់​ការជួបគ្នា​នេះដែរ គ្រូបង្វឹក​កំពង់ចាម ហាក់​មាន​ក្តី​រំពឹង​តិចតួច​ក្នុង​ការឈាន​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ ព្រោះ​ជួប​ក្រុម​ដែល​ធ្លាប់​ឈ្នះ​កំពង់ចាម​។​

​ភាព​ក្មេងខ្ចី​ផ្នែក​បទពិសោធន៍​របស់​កីឡាករ និង​ការបាត់បង់​សមាជិក​ចាស់ៗ​មួយចំនួន​បានធ្វើ​ឲ្យ​លោក ឈុន សុង គ្រូបង្វឹក​ក្រុម​កំពង់ចាម​មាន​ក្តីបារម្ភ​សម្រាប់​ការជួបគ្នា​ជាមួយ​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣​របស់​ខេត្តព្រះវិហារ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​លី​អូ​ប្រចាំឆ្នាំ​២០១៧ នា​រសៀល​ថ្ងៃទី​១២ ខែឧសភា នេះ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។

​តាមរយៈ​បទពិសោធន៍​បរាជ័យ​ពីរលើក​ជាប់​គ្នា​ក្នុង​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧ កាលពី​ខែកុម្ភៈ និង​ការបរាជ័យ​ក្នុងជំនួប​អប​អារ​បុណ្យចូលឆ្នាំថ្មី ៣-០ នៅ​ខេត្តព្រះវិហារ បានធ្វើ​ឲ្យ​លោក ឈុន សុង មាន​ក្តីសង្ឃឹម​តិចតួច​ប៉ុណ្ណោះ​ក្នុងការ​ឈានទៅ​កាន់​វគ្គ​បន្ត​។​

«​កីឡាករ​យើង​ភាគច្រើន​ក្មេងៗ​មានបទពិសោធន៍​តិច និង​មានការ​ផ្លាស់ប្តូរ​កីឡាករ​ថ្មីៗ​មួយចំនួន ដូច្នេះ​ខ្ញុំ​មិន​ហ៊ាន​ដាក់​ក្តី​រំពឹង​ខ្ពស់​នោះទេ គឺ​ត្រឹមតែ​៤០ ទៅ​៥០​ភាគរយ​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត​ក្រុម​កងពលធំ​ជា​ក្រុម​ខ្លាំង និង​ធ្លា​ប់យក​យើង​៣​លើក​រួម​មកហើយ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​»​។ នេះ​ជាការ​បង្ហាញ​ក្តីកង្វល់​របស់ លោក ឈុន សុង គ្រូបង្វឹក​ក្រុម​កំពង់ចាម​។

​ក្រៅពី​ជំនួប​ខាងលើ នៅ​ទីលាន​បាល់ទះ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ក៏មាន​ការ​បះ​គ្នា​រវាង​ក្រុម​វិសាខា​ជាមួយ​ក្រុម Vinh Long របស់​វៀតណាម​មួយគូ​ទៀតផង​ដែរ​នា​រសៀល​នេះ ដែល​ជំនួប​នេះ​នឹង​ធ្វើឡើង​មុន​ជំនួប​រវាង​ក្រុម​កំពង់ចាម​ជាមួយ​កងពលធំ​លេខ​៣​។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​ពី​ម៉ោង​១​រសៀល​នេះ​តទៅ​៕

អត្ថបទស្រដៀងគ្នា...