​​​​ ​​

Leo Cup៖ វិសាខា​, កងពលធំ​លេខ​៣, កំពង់ចាម និង Vinh Long ឡើងទៅ​វគ្គ​បន្ត​

បង្ហោះថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧ ដោយ៖ Admin
ចែករំលែក៖

ភ្នំពេញ​៖ ការប្រកួត​បាល់ទះ​អន្តរជាតិ​ដ​ណើ្ត​ម​ពានរង្វាន់​លី​អូ​ប្រចាំឆ្នាំ​២០១៧ (Leo Cup International Championship 2017) បានបញ្ចប់​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​នីមួយៗ​កាលពី​ម្សិលមិញ ហើយ​បាន​រកឃើញ​ក្រុម​ខ្លាំង​ចំនួន​៤​ក្នុងចំណោម​៨​ក្រុម ដើម្បី​ឡើងទៅ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​របស់ខ្លួន​ផងដែរ​។​

​ក្រុម​បាល់ទះ​វិសាខា កងពលធំ​លេខ​៣ កំពង់ចាម និង​ក្រុម Vinh Long របស់​វៀតណាម ត្រូវ​ប្រជែង​គ្នា​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​នា​ការប្រកួត​បាល់ទះ​អន្តរជាតិ​ដណ្តើមពាន​រង្វាន់​លី​អូ​ប្រចាំឆ្នាំ​២០១៧ បន្ទាប់ពី​ក្រុម​ទាំង​៤​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ប្រចាំ​ពូ​ល​នីមួយៗ​ក្រោយ​ឆ្លងកាត់​ការប្រកួត​អស់​រយៈពេល​៤​ថ្ងៃ​កន្លងមកនេះ​។

​ក្រុម​ឈរ​លេខ​១​ពូ​ល A វិសាខា ត្រូវ​ជួប​ប្រកួត​ជា​ក្រុម​ឈរ​លេខ​២​ពូ​ល B Vinh Long របស់​វៀតណាម ខណៈ​ក្រុម​ឈរ​លេខ​២​ពូ​ល A កងពលធំ​លេខ​៣​ត្រូវ​តទល់​ជាមួយ​ក្រុម​ឈរ​លេខ​១​ពូ​ល B កំពង់ចាម ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី​១២ ឧសភា នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រុម​ដែល​ឈ្នះ​ក្នុង​ការប្រកួត​នេះ​ត្រូវ​ជួប​ប្រកួត​គ្នា​ដើម្បី​ដណ្តើមយក​ជើងឯក ខណៈ​ក្រុម​ចាញ់​ជួប​ប្រកួត​ជាមួយ​ក្រុម​ចាញ់​ដណ្តើមយក​ចំណាត់ថ្នាក់​៣ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្ងៃទី​១៣ ខែឧសភា​។

​គួរ​បញ្ជាក់ថា ការប្រកួត​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​កាលពី​ម្សិលមិញ ពូ​ល A ក្រុម​វិសាខា​បាន​យកឈ្នះ​ក្រុម​ក្រសួងមហាផ្ទៃ​ក្នុង​លទ្ធផល ៣-២ ចំណែក​ពូ​ល B ក្រុម Kasetsart របស់​ថៃ បាន​យកឈ្នះ​ក្រុម​កំពង់ចាម ៣-២ ខណៈ​ក្រុម Vinh Long របស់​វៀតណាម​យកឈ្នះ​ក្រុម​កងពលតូច​លេខ​៩​ក្នុង​លទ្ធផល ៣-១​។

​តែ​យ៉ាងណា ជ័យជម្នះ​របស់​ថៃ​លើ​កំពង់ចាម​មិនអាច​ជួយ​ឲ្យ​ក្រុម​នេះ​ឡើងទៅ​កាន់​វគ្គ​បន្ត​នោះទេ ដោយសារ​ជ័យជម្នះ​លើសពី​៤​សិត​នេះ ក្រុម​ថៃ​ទទួល​បានតែ​២​ពិន្ទុ​ប៉ុណ្ណោះ​។ ក្រុម Vinh Long របស់​វៀតណាម និង​កំពង់ចាម​ឡើងទៅ​វគ្គ​បន្ត​តំណាង​ឲ្យ​ពូ​ល B ទោះបី​ក្រុម​ទាំងពីរ​បានឈ្នះ​ពីរ​ប្រកួត​ស្មើ​ថៃ​ក៏ដោយ តែ​ការ​ឈ្នះ​នេះ គឺ​ស្ថិតក្នុង​រយៈពេល​៤​សិត​៕

អត្ថបទស្រដៀងគ្នា...