​​​​ ​​

បើកឆាក​ការប្រកួត​បាល់ទះ​អន្តរជាតិ​ក្រសួងមហាផ្ទៃ​លត់​ក្រុម Skyway របស់​ឡាវ ៣-០

បង្ហោះថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០១៧ ដោយ៖ Admin
ចែករំលែក៖

ក្រុម​បាល់ទះ​របស់​ក្រសួងមហាផ្ទៃ​បាន​លត់​ក្រុម Skyway របស់​ឡាវ​ក្នុង​លទ្ធផល​៣​សិត​ទល់នឹង​០ នា​ការប្រកួត​បាល់ទះ​អន្តរជាតិ​ដណ្តើមពាន​រង្វាន់​លី​អូ​ប្រចាំឆ្នាំ​២០១៧(Leo Cup International Volleyball 2017)​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។ ជាមួយគ្នា​នោះ​ក្រុម​វិសាខា​បាន​យកឈ្នះ​ក្រុម​កងពលធំ​លេខ​៣ ក្នុង​លទ្ធផល ៣-១ ខណៈ​ក្រុម Kasetsart របស់​ថៃ​បាន​បរាជ័យ​ក្រោម​ថ្វីដៃ​ក្រុម Vinh Long របស់​វៀតណាម​ក្នុង​លទ្ធផល ៣-១​។

​នា​ការប្រកួត​បើកឆាក​ពានរង្វាន់​លំដាប់​អន្តរជាតិ​របស់​ស្រា​បៀរ​លី​អូ​ប្រចាំឆ្នាំ​២០១៧ ប្រចាំ​ពូ​ល A កាលពី​ម្សិលមិញ ក្រុម​បាល់ទះ​​ក្រសួងមហាផ្ទៃ​រប​ស់​កម្ពុជា បាន​លត់​ក្រុម Skyway របស់​ឡាវ ក្នុង​លទ្ធផល ៣-០​។ ក្នុងនោះ​សិត​ទី​១​ក្រសួងមហាផ្ទៃ​បាន​យកឈ្នះ​ក្នុង​លទ្ធផល ២៥-១៦, សិត​ទី​ពីរ ២៥-១២ និង​សិត​ទី​បី ២៥-១១​។

​ក្នុង​ថ្ងៃ​បើកឆាក​នោះដែរ ក្រុម​វិសាខា​បាន​យកឈ្នះ​ក្រុម​កងពលធំ​លេខ​៣​ក្នុង​លទ្ធផល ៣-១ ក្នុងនោះ​សិត​ទី​១​វិសាខា​បាន​យកឈ្នះ​ក្នុង​លទ្ធផល ២៥-១៥ ខណៈ​សិត​ទី​២​ក្រុម​កងពលធំ​លេខ​៣​បានឈ្នះ​វិញ​ក្នុង​លទ្ធផល ២៥-១៦ បន្ទាប់មក​ក្រុម​វិសាខា​បាន​យកឈ្នះ​ក្នុង​សិត​ទី​៣ និង​សិត​ទី​៤​ជា​បន្តបន្ទាប់​ក្នុង​លទ្ធផល ២៥-១២ និង ២៧-២៥​។

​ចំណែក ពូ​ល B ក្រុម Vinh Long របស់​វៀតណាម បាន​យកឈ្នះ​ក្រុម Kasetsart របស់​ថៃ​ក្នុង​លទ្ធផល ៣-១ ដោយ​សិត​ទី​១​ក្រុម​វៀតណាម​បានឈ្នះ​ក្នុង​លទ្ធផល ២៥-១៣ ឯ​សិត​ទី​២​ក្រុម​ថៃ​បាន​យកឈ្នះ​វិញ ២៥-១៥ មុន​ក្រុម​វៀតណាម​យកឈ្នះ​ជា​បន្តបន្ទាប់​ក្នុង​សិត​ទី​៣ និង​ទី​៤​ក្នុង​លទ្ធផល ២៥-១៩ និង ២៥-២៣​។

​គួរ​បញ្ជាក់ថា ការប្រកួត​បាល់ទះ​អន្តរជាតិ​ដណ្តើមពាន​រង្វាន់​លី​អូ​ប្រចាំឆ្នាំ​២០១៧ មាន​៨​ក្រុម​ចូលរួម​ក្នុងនោះ​កម្ពុ​ជាមាន​៥​ក្រុម​រួមមាន​ក្រសួងមហាផ្ទៃ​, វិសាខា​, កងពលធំ​លេខ​៣, ខេត្តកំពង់ចាម និង​កងពលតូច​លេខ​៩, ក្រុម Skyway របស់​ឡាវ​, Ksetsart របស់​ថៃ និង​ក្រុម Vinh Long របស់​វៀតណាម​។ ការប្រកួត​នេះ​បែង​ចែកជា​ពីរ​ពូ​ល ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៧ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​៕

អត្ថបទស្រដៀងគ្នា...