​​​​ ​​

ការ​ប្រកួត​បាល់ទះ​លី​ក​កំពូល​កម្ពុជា​នឹង​ចាប់​ផ្ដើ​​ម​នៅ​ដើម​ខែមករា ឆ្នាំ​2017

បង្ហោះថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០១៧ ដោយ៖ Admin
ចែករំលែក៖

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទះ​លី​ក​កំពូល​កម្ពុជា ដែល​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា The 1st Cambodia Beer Volleyball League នឹង​ចាប់ផ្ដើម​ធ្វើ​នៅ​ដើម​ខែមករា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ។

លោក បឹង គឹ​ម​តោ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បានឱ្យ​ដឹង​ថា ការ​ប្រកួត​នេះ​មាន​កិច្ចសហការ​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា និង​ជា​ការ​ប្រកួត​លើក​ទី​១​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ថែម​ទៀត ។ គិត​រហូត​មក​ទល់​នឹង​ពេល​នេះ លោក​នៅ​មិន​ទាន់​ដឹង​ថា មាន​ក្រុម​ប៉ុន្មាន​ដែល​បាន​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​នៅឡើយ ខណៈ​សហព័ន្ធ​កំពុង​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដល់​បណ្ដា​ក្លិប​កំពូល​ៗ​នៅ​ក្នុង​ប្រទេស​ដើម្បី​ឱ្យ​បាន​ជ្រាប​ជា​ដំណឹង ប្រញាប់​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត ។

បច្ចុប្បន្ន គេ​ដឹង​ហើយ​ថា កម្ពុជា​មាន​ក្រុម​បាល់ទះ​កំពូល​ៗ​ចំនួន​៧ គឺ​ក្រុម​បាល់ទះ​វិសាខា ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣ ក្រុម​ខេត្តកំពង់ចាម ក្រុម​ក្រសួងមហាផ្ទៃ ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម និង​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ។ ដូច្នេះ​ចំពោះ​ក្រុម​ដែល​មាន​បំណង ចូលរួម​ប្រកួត​អាច​មក​ចុះ​ឈ្មោះ​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​២៦ ធ្នូ ខាង​មុខ​នេះ ។ ការ​ប្រកួត​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៨ មក​រា ដល់​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០១៧ នៅ​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ នៅ​លើ​ទីលាន​ចំនួន​៥ គឺ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ទីលាន​ខេត្តព្រៃវែង ទីលាន​ខេត្តកំពង់ចាម ទីលាន​ខេត្តព្រះវិហារ និង​ទីលាន​ខេត្តបាត់ដំបង ។

គួរ​រំលឹក​ផង​ដែរ​ថា សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​នេះ​ឡើង គឺ​ដើម្បី​ជំរុញ​ដល់​វិស័យ​កីឡាបាល់ទះ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សកម្មភាព​ផុលផុស​ខ្លាំង​ឡើង​ថែម​ទៀត ហើយ​ក៏​ដើម្បី​ស្វែងរក​កីឡាករ ល្អ​ៗ​មានបទពិសោធន៍​ខ្ពស់​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ ។ បច្ចុប្បន្ន វិស័យ​កីឡាបាល់ទះ​នៅ​កម្ពុជា​ហាក់បីដូចជា​នៅ​មាន​កម្រិត​នៅឡើយ​បើ​ធ្វើការ​ប្រៀបធៀប​ជាមួយ​បណ្ដា​ប្រទេស​ជិតខាង ប៉ុន្តែ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​និង​កំពុង​តែ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ជំរុញ​ឱ្យ​វិស័យ​កីឡា​មួយ​នេះ​មាន​សកម្មភាព​ប្រកួត​ជា​ញឹកញាប់​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស ៕

អត្ថបទស្រដៀងគ្នា...